អ្នកវិនិយោគិន នៃប្រទេសចិនគ្រោងបោះទុនជំហានទី១
ចំនួន៥លានដុល្លា ដើម្បីវិនិយោគលើវិស័យគ្រប់គ្រង និង កែច្នៃកាកសំណល់ដែលចេញពីរោងចក្រនិងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ
។ នោះបើយោងតាមការ លើកឡើងរបស់លោក Lee តំណាងឱ្យអ្នកវិនិយោគិនជនជាតិចិន
ក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោក បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦
។
លោក Lee តំណាងឱ្យអ្នកវិនិយោគចិនបាននិយាយថា
ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេស ភាពរីកចម្រើននៃវិស័យកសិកម្ម
ឧស្សាហកម្ម និងវិស័យទេសចរណ៍ ដែលអំណោយផលដល់ការងារវិនិយោគ
ក្រុមហ៊ុនរបស់លោក ។ ដោយភាពអំណោយផលនេះ ក្រុមហ៊ុនរបស់លោកកំពុងត្រៀមលក្ខណៈក្នុងការពង្រីក
ប្រតិបត្តិការ ប្រមូលកាកសំណល់ផ្សេងៗពីតាមបណ្តារោងចក្រ សហគ្រាស និងកសិដ្ឋានយកមកកែច្នៃផលិតជា
ជីកសិកម្ម ។ ក្នុងនោះកាកសំណល់ដែលចេញពីរោងចក្រកែច្នៃផ្លែឈើ អំពៅ
និងលាមកសត្វចេញពីកសិដ្ឋាន ។
លោកបន្ថែមថា
គោលបំណងចម្បង នៃគម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន
ជា ពិសេសការលុបបំបាត់បញ្ហាក្លិនស្អុយដែលបង្កឡើងដោយកាកសំណល់គរទុក
ដែលជាបញ្ហាប្រឈមក្នុងតំបន់ មួយចំនួន។ មួយវិញទៀត
រោងចក្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំប្លែងវត្ថុធាតុដើមដែលជាសំណល់ឱ្យ ក្លាយទៅជាផលិតផលដែលមានតម្លៃសម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងស្រុក។
លើសពីនេះក្រុមហ៊ុនក៏មានចក្ខុ វិស័យវែងឆ្ងាយក្នុងការជំរុញការនាំចេញផលិតផលជី
ដែលផលិតបានក្នុងខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិក្នុង តំបន់អាស៊ី
ដែលវានឹងជួយនាំចំណូលត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាសការងារជូនដល់ប្រជា
ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ ។ ហើយក្នុងករណីដំណើរជំហ៊ានទី១ ទទួលបានជោគជ័យ ក្រុមហ៊ុន និង ពង្រីកទុនវិនិយោគរហូតដល់៥០លានដុល្លាបន្ថែមទៀតជាជំហ៊ានទី២
។
នៅក្នុងជំនួបនោះ
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិ យោគិនចិនដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺ
ជាខេត្តគោលដៅវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាក សំណល់។ លោកថា
បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសជាង១៦០០កន្លែង និងមានកម្មករ
កម្មការិនី ប្រមាណជាង៣០ម៉ឺននាក់បម្រើការងារ។
ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដំណាំស្វាយជិត៥ម៉ឺនហិកតា
ដែលជាខេត្តឈានមុខគេមួយក្នុងការដាំដុះស្វាយនៅកម្ពុជា ។
ហើយក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានជិត៤ម៉ឺនហិកតា
ស្មើនឹងជិត៩លានដើម ដោយភាគច្រើនជាប្រ ភេទ ស្វាយកែវរមៀត
សម្រាប់នាំចេញ។ចំពោះផ្ទៃដីដាំអំពៅសរុបប្រមាណជាង ២ម៉ឺនហិកតា ដែលវិនិយោគ ដោយក្រុមហ៊ុនកសិ-ឧស្សាហកម្មជាច្រើន។
ផ្ទៃដីទាំងនេះភាគច្រើនស្ថិតនៅក្នុងស្រុកឱរ៉ាល់
និងស្រុកថ្ពង ដែលជា កន្លែងមានគម្រោងវិនិយោគចំការអំពៅ
និងរោងចក្រស្ករអំពៅខ្នាតធំ។រីឯកសិដ្ឋានចិញ្ចឹមសត្វមានជាង៥០០ កន្លែង
និងសហគមន៍ចិញ្ចឹមសត្វចំនួន ៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ។
អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់បន្ថែមថា
ស្ថិតិផ្ទៃដីនៃការដាំដុះនិងការចិញ្ចឹមនេះ អាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រងនិងកែច្នៃកាកសំណល់របស់ក្រុមហ៊ុនឱ្យដំណើរការបានដោយរលូន
ហើយរដ្ឋ បាលខេត្តបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមសម្របសម្រួលនីតិវិធីលើការងារដែលក្រុមហ៊ុនមានការរាំងស្ទះ៕






No comments:
Post a Comment