បន្ទាប់ពីបញ្ជូនមន្ដ្រីចូលរួមហ្វឹកហាត់បច្ចេកទេសពិសេសៗ នៃកីឡាហាប់គីដូជាបន្ដបន្ទាប់
ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់ទុកការហាត់ក្បាច់គុននេះ
ជាផ្នែកមួយដ៏សំខាន់ បង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួន
ក្នុងការបំពេញប្រតិបត្តិការបង្ក្រាបបទល្មើស ឬមុខសញ្ញាសង្ស័យ កាន់តែមានប្រសិទ្ធភាព
និងត្រឹមត្រូវតាមក្បួនខ្នាតក្បាច់គុន។
នេះបើតាមការលើកឡើងរបស់លោក ហេង
សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ
បន្ទាប់ពីមានកិច្ចសហការជាមួយសហព័ន្ធខ្មែរកីឡាហាប់គីដូ បើកវគ្គបណ្ដុះបណ្ដាលហ្វឹកហាត់ជំនាញកីឡាហាប់គីដូ
រយៈពេល ២០ម៉ោង ដល់សិក្ខាកាមចំនួន ២៥រូប កាលពីថ្មីៗ
និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦
នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
លោកបន្ដថា
ការហាត់ក្បាច់គុនហាប់គីដូនេះ ពិតជាមានសារៈសំខាន់ក្នុងស្ថានភាពបង្ក្រាបមុខសញ្ញា
ព្រោះមានក្បាច់ស្នៀតច្រើនទាំងក្លេ និងក្រៀកជាដើម។ វគ្គនេះ បានរួមចំណែកលើកកម្ពស់
ទាំងចំណេះដឹងផ្នែកក្បាច់គុនការពារខ្លួន និងសុខភាពមាំងមួន
ក៏ដូចជាលើកកម្ពស់សមត្ថភាពបន្ថែមជូនមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់
ក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឲ្យមានប្រសិទ្ធភាព
ព្រមទាំងការពារខ្លួនពីការធ្វេសប្រហែស
និងការប្រឆាំងតបរបស់ជនសង្ស័យប្រកបដោយសុវត្ថិភាពត្រឹមត្រូវ។
ទន្ទឹមជាមួយគ្នាលោក គួច ហុងជៀក
ប្រធានស្ដីទីសហព័ន្ធ បានសម្ដែងក្ដីរីករាយ ដែលសហព័ន្ធបានក្លាយជាផ្នែកមួយ
ក្នុងការរួមចំណែកជាមួយស្ថាប័នជាតិ សម្រាប់ចូលរួមថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សង្គម
តាមរយៈការចែករំលែកនូវចំណេះដឹងក្បាច់គុន និងបច្ចេកទេសពិសេសៗរបស់កីឡាហាប់គីដូ។
លើសពីនេះសហព័ន្ធក៏ស្វាគមន៍ចំពោះនាយកដ្ឋានពាក់ព័ន្ធផ្សេងៗ
សម្រាប់ការបណ្ដុះបណ្ដាលដល់កងកម្លាំង
និងយកទៅអនុវត្តក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសដោយផ្ទាល់ផងដែរ៕





No comments:
Post a Comment