នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សាលប្រជុំសាលាខេត្តព្រះវិហារ
បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីសំណេះសំ ណាលជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់
ចំនួន២១ សហគមន៍ មកពីខេត្តព្រះវិហារ ខេត្តកំពង់ធំ
ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម
រិទ្ធី អភិបាលខេត្ត ព្រះវិហារ ឯកឧត្តម នួន
ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម
ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ
អង្គភាពពាក់ព័ន្ធ និងតំណាងប្រជាសហគមន៍យ៉ាងច្រើនកុះករ ។
ពិធីសំណេះសំណាលនេះ
ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការសហការជាដៃគូររវាងអាជ្ញាធរ មូលដ្ឋាន
និងសហគមន៍ ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ធនធានធម្មជាតិព្រៃឡង់ ដែលជាតំបន់
មានតម្លៃបរិស្ថាន និងជីវចម្រុះយ៉ាងសម្បូរបែប។ ជាពិសេស
ពិធីនេះក៏មានគោលដៅបង្កើនការយល់ដឹង និង លើកទឹកចិត្តឱ្យប្រជាសហគមន៍ចូលរួមយ៉ាងសកម្ម
ក្នុងការថែរក្សាបរិស្ថាន និងប្រើប្រាស់ធនធានធម្មជាតិឱ្យ បានចីរភាព។
ថ្លែងក្នុងឱកាសនោះ
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា តំបន់ព្រៃឡង់ គឺជាទ្រព្យ
សម្បត្តិធម្មជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលមានតួនាទីសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថាន
ការពារ ប្រភពទឹក និងជាមូលដ្ឋានសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។
ឯកឧត្តមបានអំពាវនាវឱ្យ មានការចូលរួមសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ
ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ។
ជាមួយគ្នានេះ
តំណាងសហគមន៍បានលើកឡើងពីស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមមួយចំនួន ដូចជា
ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការចូលលួចប្រមាញ់សត្វព្រៃ និងការលំបាកផ្នែកជីវភាព
ដែលតម្រូវឱ្យ មានការគាំទ្រពីអាជ្ញាធរ និងដៃគូពាក់ព័ន្ធ។
ពួកគេក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការចូលរួមថែរក្សា និង ការពារព្រៃឡង់ឱ្យបានគង់វង្ស។
ពិធីនេះក៏បានបង្កើតជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរយោបល់
ការចែករំលែកបទពិសោធន៍ និងការ ស្វែងរកដំណោះស្រាយរួម
ដើម្បីធានាឱ្យមានការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងចីរៈភាព
ស្របតាមគោលនយោបាយអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល។
ជាទីបញ្ចប់
ពិធីសំណេះសំណាលនេះ បានបង្ហាញពីឆន្ទៈរួម និងការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរ
និងប្រជាសហគមន៍ ក្នុងការអភិរក្សធនធានធម្មជាតិ
និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង
សម្រាប់អនាគតយូរអង្វែង។




No comments:
Post a Comment