កម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន
និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» រយៈពេល៥ថ្ងៃ
ជូនដល់មន្ត្រីជំនាញបច្ចេកទេស និងអ្នកសារព័ត៌មាន ចំនួន ១០៥នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ
និងបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ឱ្យកាន់តែមាន គុណភាព សុក្រឹត្យ
និងទាន់សម័យ ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ។
វគ្គបណ្តុះបណ្តាលនេះបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម
នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមាន សិក្ខាកាមមកពី អគ្គលេខាធិការដ្ឋាន
គ្រប់អគ្គនាយកដ្ឋាននៃ ក្រសួងព័ត៌មាន គ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្ត
ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណ ទទួលស្គាល់ដោយក្រសួងព័ត៌មាន
នាមណ្ឌលបណ្តុះ បណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ។
ឯកឧត្តមបានគូសបញ្ជាក់ថា
វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើក កម្ពស់គុណភាព វិស័យព័ត៌មាន
និងសារព័ត៌មាននៅកម្ពុជា ។ តាមរយៈការចែករំលែកបទពិសោធន៍
និងចំណេះដឹងពីសំណាក់គ្រូ បង្គោល សិក្ខាកាមទាំងអស់នឹងទទួលបាននូវជំនាញ ថ្មីៗ
ពិសេសលើការសរសេរព័ត៌មាន ការផលិតព័ត៌មាន ឌីជីថល ការសម្ភាសន៍ ការថតរូប និងវីដេអូ
ការផ្ទៀងផ្ទាត់ ព័ត៌មាន និងការប្រើប្រាស់បច្ចេកវិទ្យា ទំនើបក្នុងការងារ សារព័ត៌មាន
។
ឯកឧត្តមបញ្ជាក់បន្តថា
ក្រសួងព័ត៌មាននឹងបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន
និងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឱ្យវិស័យនេះកាន់តែមានវិជ្ជាជីវៈ សីលធម៌
និងឆ្លើយតបបានទៅនឹង តម្រូវការ នៃសង្គមឌីជីថល និងបរិបទសកលភាវូបនីយកម្ម ។





No comments:
Post a Comment