ព្រឹកថ្ងៃនេះថ្ងៃទី៨
ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស សុភ័ណ្ឌ
ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី
បានផ្តល់សេចក្តីសង្ខេបព័ត៌មានអំពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។
ឯកឧត្តម មាស សុភ័ណ្ឌ បញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ
មិញហ៊ឹង នាយករដ្ឋមន្ត្រី
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត រួមដំណើរដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨
ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។
ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម
ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ដែលក្នុងនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា
ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី
ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០
នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ។ នាយករដ្ឋមន្ត្រីទាំងពីរ
គ្រោងនឹងលើកពិភាក្សាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍
និងជាក្តីបារម្ភរួម ។
សម្ដេចធិបតី ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម ព្រមទាំងជួបពិភាក្សាជាមួយ ឯកឧត្តម ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ផងដែរ។ ក្រៅពីកម្មវិធីខាងលើ, សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នា ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល ដែលសង្កត់ធ្ងន់
លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន»។




No comments:
Post a Comment