នៅរសៀលថ្ងៃទី២៣
ខែមិថុនា ឆ្នាំ២០២៦ នេះ នៅលើផេកផ្លូវការរបស់ក្រសួងការពារជាតិបានបង្ហោះសំណេ
ប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងថា អ្នកនាំពាក្យក្រសួងការពារជាតិ
នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ
និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃអង្គារ
ទី២៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៨នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្រប សម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍ អាស៊ាន (HOM
AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់
និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយ បន្លាលួស
និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋ កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ
ព្រមទាំងធ្វើការពិនិត្យលើ ការគោរព
និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ការណ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត
ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមា ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក
(JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣
នៃគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧
ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូត ត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង
ព្រមទាំងដោយសុវត្ថិភាព និង កិត្តិយស ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
(AOT) ព្រមទាំងសង្កត់ធ្ងន់ទៅ លើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី
និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្ត បទឈប់បាញ់
ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកប ដោយប្រសិទ្ធភាព
សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែ ស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ
សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕




No comments:
Post a Comment