អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខ និងទប់ស្កាត់ការឆបោកអនឡាញ ក្នុងពិធីប្រកាស លោក អ៊ុំ សំអឿន ចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខ និងទប់ស្កាត់ការឆបោកអនឡាញ ក្នុងពិធីប្រកាស លោក អ៊ុំ សំអឿន ចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច

 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុក ភ្នំស្រួច ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកចាស់ ដែលទើបនឹងត្រូវចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ស្រុកភ្នំស្រួច នាពេលកន្លងមក ឱ្យមានការរីកចម្រើនជាលំដាប់។

 


ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ លោក អ៊ុំ សំអឿន អភិបាលស្រុកភ្នំស្រួច ដែលទើបទទួលបានការតែងតាំងថ្មី។ ឯកឧត្តមបានផ្តាំផ្ញើ និងណែនាំដល់លោក អភិបាលស្រុកថ្មី ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព លទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រមទាំងត្រូវបន្តរឹតបន្តឹងការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ ។


បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ លោកអភិបាលស្រុកទើបឡើងថ្មី ក៏ដូចជាអាជ្ញាធរឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែល ពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។

 


លោកបានរំលឹកដល់ថ្នាក់ដឹកនាំស្រុកថ្មី ត្រូវចេះបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត និងជាពិសេសត្រូវថែរក្សា «សាមគ្គីភាពផ្ទៃក្នុង» ឱ្យបានល្អប្រសើរជាធ្លុងមួយ។

ឯកឧត្តមបានជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងទុកដាក់ សំរាមឱ្យបានត្រឹមត្រូវតាមដងផ្លូវសាធារណៈ ជាពិសេសការលើកកម្ពស់សោភ័ណភាព និងអនាម័យនៅតាម បណ្តោយផ្លូវជាតិលេខ៤ ដើម្បីចៀសវាងការចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងមុខមាត់របស់ខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបន្តអំពាវនាវ និងក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាយកចិត្តទុកដាក់លើការងារស្នូលសំខាន់ៗមួយចំនួនបន្ថែមទៀត រួមមាន៖ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាននូវរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ ជាពិសេសការបង្ក្រាប និងទប់ស្កាត់ការឆបោកតាមអនឡាញ (Online Scams) ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកល់ បោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាការបោកប្រាស់ឱ្យវេរលុយ ការលួចគណនីតេឡេក្រាម (Telegram) ឬហ្វេសប៊ុក និងត្រូវសហការជាមួយសមត្ថកិច្ចជំនាញដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យានេះឱ្យមាន ប្រសិទ្ធិភាពខ្ពស់ផងដែ៕

No comments:

Post a Comment

>

Pages