ឯកឧត្តម
ហ៊ុន ម៉ានី បានអញ្ជើញមកសំណេះសំណាល
និងផ្តល់កម្លាំងចិត្តផ្ទាល់ដល់ប្អូនៗសិស្សានុសិស្ស
ដែលកំពុងក្រេបជញ្ជក់ចំណេះដឹងក្នុងវគ្គបំប៉នថ្នាក់ទី១២ និងលោកគ្រូ
អ្នកគ្រូស្ម័គ្រចិត្តវគ្គបំប៉នថ្នាក់ទី១២ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន
ចាន់ថ្នាល។
ពិធីសំណេះសំណាលថ្ងៃនេះ
មិនត្រឹមតែស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងសាមគ្គីមហាសាលរបស់គ្រួសារ ស.ស.យ.ក.
នៅទូទាំងប្រទេស ក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា
ដើម្បីលើកស្ទួយវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង
យុទ្ធនាការវគ្គបំប៉នសមត្ថភាពដ៏ធំធេងនេះកំពុងតែដំណើរការយ៉ាងផុសផុល ស្រុះគ្នា
និងមានសន្ទុះខ្លាំងក្លាចាប់ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន គ្រប់រាជធានី-ខេត្ត
ក្នុងគោលបំណងពង្រឹងសមត្ថភាពប្អូនៗសិស្សានុសិស្សឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងបាក់ឌុប
ដោយមានការចូលរួមដុតដៃដុតជើងពីសមាជិក សមាជិកា គណៈគ្រប់គ្រងសាលា
ព្រមទាំងលោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្តរាប់ពាន់នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ដើម្បីរួមគ្នារុញច្រាននាវាចំណេះដឹងរបស់យុវជនឱ្យដល់ត្រើយជោគជ័យ។
សូមជម្រាបជូនថា យុទ្ធនាការវគ្គបំប៉នសិស្សានុសិស្សថ្នាក់ទី១២
បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤ មកម៉្លេះ។ ឆ្លងកាត់អស់រយៈពេលជាង ១០ឆ្នាំនេះ
សកម្មភាពនេះបានក្លាយជាវប្បធម៌លះបង់ដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់
ស្មារតីចាស់ទុំ និងការទទួលខុសត្រូវខ្ពស់បំផុតរបស់ ស.ស.យ.ក.
ក្នុងការលើកកម្ពស់គុណភាពអប់រំ
និងផ្តល់ឱកាសស្មើៗគ្នាសម្រាប់អនាគតយុវជនជើងខ្លាំងកម្ពុជាគ្រប់រូប។





No comments:
Post a Comment