ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្នុងរយៈពេល ១ ឆ្នាំ២០២៥ កន្លងទៅនេះ បំពេញតួនាទីយ៉ាងល្អដោយជាមួយប្រជាសហគមន៍នេសាទ ឆ្នាំទន្លេ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយក្នុងនោះឃាត់ខ្លួនជនល្មើស ៨នាក់ និងបានបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីនៃច្បាប់ជលផលរួចរាល់ផងដែរ ជាមួយគ្នានោះដែររឹបអូស ឧបករណ៍នេសាទល្មើសច្បាប់ បានជាច្រើនប្រភេទ រួមទាំងមនុស្ស ៦៩នាក់ត្រូវបានធ្វើការណែនាំ អប់រំ និងធ្វើ កិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ និងបានធ្វើការផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជាពលរដ្ឋប្រ ម៉ាណ ២៥៧នាក់ ឲ្យមានការយល់ដឹងពីច្បាប់ជលផលបន្ថែម ។
លទ្ធផលដ៏គាប់ប្រសើរនេះ ត្រូវបាននាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកស្រី សំ វិចិត្រ បានបង្ហាញ របាយការណ៍ឲ្យដឹងនៅថ្ងៃទី៦ មករា ២០២៦ នេះ ទាក់ទិនទៅនិងជនសង្ស័យ៨នាក់ខាងលើ ត្រូវបានតុលាការ ខេត្ត សម្រេចអោយជាប់ទោស បច្ចុប្បន្នកំពុងនៅក្នុងពន្ធនាគារកំពុងអនុវត្តទោសនៅឡើយ ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ខណ្ឌរដ្ឋបាលជលផលបានដកហូត មង ដែលនេសាទក្នុងតំបន់ហាម ឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៣ម៉ឺន ៣ពាន់ ៤៩០ម៉ែត្រ ,ដកហូតសន្ទូច រនងនេសាទក្នុងតំបន់អភិរក្ស សត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ១ម៉ឺន ២ពាន់ ២៧៧ផ្លែ , ដកហូតម៉ាស៊ីន ២៩គ្រឿង ,អាគុយ ១៦គ្រឿង ,ក្បាលឆក់ ១៥គ្រឿង , ដងឆក់ ០១គ្រឿង , ថ្នងដងត្រី ១៥ស្នង, កាំភ្លើងកែច្នៃ ០១ដើម , ខ្សែកាបប្រវែង ៤៥ម៉ែត្រ ,ខែ្សភ្លើងប្រវែង ៣១ម៉ែត្រ , ប្រដាប់ជក់គ្រឿងញៀន ០២ឈុត ,ដាយបិទអូរ ១០មាត់ និងសាច់អួនប្រវែង ២២៩ ម៉ែត្រ ,របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ និងលូស្បៃមុង ៨មាត់ ,លបប្រើស១០០ ប្រវែង ១០ម៉ែត្រ និងបានលែងត្រី មេពូជ និងត្រីកំពុងរងគ្រោះថ្នាក់ចូលក្នុងទន្លេវិញ ប្រមាណ៥០គីឡូក្រាម ថែមទៀតផង ៕




No comments:
Post a Comment