‎សាខាពន្ធដារខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៦ និងជំរុញការបង់ពន្ធតាមប្រព័ន្ធឌីជីថល - គេហទំព័រ ស្កាយប៉ុស្តិ៍
ផ្សាយពាណិជ្ជកម្ម
www.k-skypost.com.kh / មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: 012909375>>

Breaking

Post Top Ad

Your Ad Spot

‎សាខាពន្ធដារខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៦ និងជំរុញការបង់ពន្ធតាមប្រព័ន្ធឌីជីថល

 


លោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី បើកសិក្ខាសាលាស្តីពី «ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ» សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសាលប្រជុំជាន់ទី៣ នៃសាខាពន្ធដារខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ប្រធាន អនុប្រធាន និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត។


‎ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា សិក្ខាសាលានេះអាចដំណើរការទៅបាន គឺដោយទទួលបានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជាឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹងអំពីកាតព្វកិច្ចពន្ធ។ ជាមួយគ្នានោះ លោកប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្តទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងបានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់រាល់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញ ដើម្បីក្តាប់បាននូវព័ត៌មាន និងនីតិវិធីច្បាស់លាស់។

‎លោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ បានជម្រាបអំពីគោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹងអំពីកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ដែលជាប្រភេទពន្ធចំណូលថវិកាថ្នាក់ក្រោមជាតិ ដ៏មានសារៈសំខាន់សម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងវឌ្ឍនភាពនានានៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។


‎លោកប្រធានសាខាពន្ធដារខេត្ត បានបន្តទៀតថា ការប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦ នេះ គឺបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ឆ្នាំ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការទាំងអស់ ឱ្យងាកមកប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធឌីជីថល ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (GDT Taxpayer App) ដែលជាវិធីសាស្ត្រមួយយ៉ាងងាយស្រួល ចំណេញពេលវេលា និងមានតម្លាភាព។

‎ជាពិសេស លោកប្រធានសាខាពន្ធដារខេត្ត ក៏បានអំពាវនាវយ៉ាងទទូចដល់ លោកអភិបាលក្រុង/ស្រុកទាំងអស់ មេត្តាជួយផ្សព្វផ្សាយ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន សហគ្រាស ក៏ដូចជាម្ចាស់អាជីវកម្មនានា ឱ្យមកបំពេញកាតព្វកិច្ចបង់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរបស់យើង។ ការរួមគ្នាបំពេញកាតព្វកិច្ចនេះ គឺដើម្បីធានាបាននូវកញ្ចប់ថវិកាជាតិថ្នាក់ក្រោមជាតិគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងការកសាង និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានោះ លោកក៏បានដាស់តឿនដល់ម្ចាស់យានជំនិះទាំងអស់ ឱ្យបង់ពន្ធឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការផាកពិន័យតាមច្បាប់កំណត់ផងដែរ៕


No comments:

Post a Comment

>

Pages