ឯកឧត្តម ហន ភក្តី
អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអភិបាល
នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត
ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ពិធីនេះត្រូវបានរៀបចំឡើងនៅទីលានមន្ទីរអប់រំ យុវជន
និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
លោក-លោកស្រីអនុប្រធានមន្ទីរ តំណាងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ
លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងក្រុមកីឡាករ កីឡាការិនីជាច្រើនរូប។
យោងតាមរបាយការណ៍របស់
លោក ថន ថារិន បានឱ្យដឹងថា
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តនេះ
បានដំណើរការទៅអស់រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦
យ៉ាងរលូន និងមានសណ្តាប់ធ្នាប់ល្អ។ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាក្នុងចំណោមស្រទាប់យុវវ័យ
និងសិស្សានុសិស្ស ព្រមទាំងដើម្បីជ្រើសរើសជើងឯកដែលមានសមត្ថភាពឆ្នើម
តំណាងឱ្យខេត្តកំពង់ស្ពឺ ទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ។
ក្នុងឱកាសនោះដែរ
ឯកឧត្តម ហន ភក្តី អភិបាលរងខេត្តបានសម្តែងនូវការកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត
ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងកីឡាករ កីឡាការិនីទាំងអស់
ដែលបានខិតខំប្រឹងប្រែងរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ទន្ទឹមនឹងនេះ
ឯកឧត្តមអភិបាលរងខេត្ត ក៏បានចូលរួមអបអរសាទរចំពោះក្រុមកីឡាករ កីឡាការិនី
និងសិស្សានុសិស្សដែលទទួលបានជ័យលាភី
ព្រមទាំងបានផ្តល់ការលើកទឹកចិត្តដល់ក្មួយៗដែលមិនទាន់ទទួលបានជោគជ័យ
ឱ្យបន្តខិតខំហ្វឹកហាត់បន្ថែមទៀតសម្រាប់ឱកាសក្រោយៗ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡា
ដែលមិនត្រឹមតែនាំមកនូវសុខភាព និងមិត្តភាពប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម។
ជាមួយគ្នានេះផងដែរឯកឧត្តមអភិបាលរងខេត្ត
បានផ្តល់អនុសាសន៍ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត
ត្រូវតែបន្តការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា
ដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើន កីឡានៅក្នុងតំបន់
ជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត
ព្រមទាំងជំរុញការបង្កើនក្លិបកីឡា និងពង្រឹងការហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ
ហាត់ពត់រាង្គកាយ បញ្ញាស្មារតីកុមារឱ្យលូតលាស់ល្អ រក្សាកម្លាំងមាំមួន
ចូលចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ
និងពង្រឹងការបង្រៀនកម្មវិធីអប់រំកាយ និងកីឡាឱ្យបានពីរម៉ោងក្នុងមួយសប្តាហ៍។
នៅក្នុងឱកាសនោះ
គណអធិបតីបានប្រគល់ពានរង្វាន់ មេដាយ និងរង្វាន់លើកទឹកចិត្តជូនដល់ក្រុមកីឡាករ
កីឡាការិនី ដែលឈ្នះក្នុងការប្រកួតតាមវិញ្ញាសានីមួយៗ
ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា
២០២៥-២០២៦ នេះផងដែរ៕







No comments:
Post a Comment