ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត
នៃជំងឺគ្រុនឈាម ដែលកំពុងបង្កការព្រួយបារម្ភដល់សុខភាពសាធារណៈ
មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុករវៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដា
ឆ្នាំ២០២៦ បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីការបង្ការ
និងទប់ស្កាត់ជំងឺគ្រុនឈាម នៅភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង ។
ពិធីនេះស្ថិតក្រោមវត្តមានចូលរួមពីលោកស្រី
ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត
និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល
និងជាប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះវិហារ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង
ព្រមទាំងមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ប្រជាពល រដ្ឋ
និងសិស្សានុសិស្សជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត
គួង ឡូ បានថ្លែងថា៖ បច្ចុប្បន្នជំងឺគ្រុនឈាមកំពុងមានការរាតត្បាត
និងបង្កហានិភ័យដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដូច្នេះការចូលរួមពីសហគមន៍
និងប្រជាពលរដ្ឋគ្រប់រូប
គឺជាកត្តាសំខាន់បំផុតក្នុងការកាត់ផ្តាច់ប្រភពបង្កកំណើតមូសខ្លា។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ
បានថ្លែងគូសបញ្ជាក់ថា «គ្មានវត្ថុដក់ទឹកនៅតាមផ្ទះ គ្មានមូសខ្លា,
គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម, គ្មានជំងឺគ្រុនឈាម
គ្រួសារមានសុភមង្គល» ។
លោកបានថ្លែង អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានជាប្រចាំ
លុបបំបាត់វត្ថុដែលអាចដក់ទឹកបាន ដូចជា កំប៉ុងចាស់ សំបកកង់ របស់ប្រើប្រាស់ចាស់ៗ
និងត្រូវបិទគម្របធុងទឹកឱ្យបានជិត ដើម្បីកុំឱ្យមូសខ្លាអាច ពងកូន
និងបង្កការរាលដាលជំងឺគ្រុនឈាមនៅក្នុងសហគមន៍។
ជាមួយគ្នានេះលោកស្រី
ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានថ្លែងកោតសរសើរចំពោះមន្ទីរសុខាភិបាល ខេត្ត
និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំរៀបចំយុទ្ធនាការផ្សព្វផ្សាយ
និងអប់រំសុខភាពដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។
ក្នុងនាមលោក គីម
រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី
បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ គ្រួសារ
ចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានផុលផុស ដោយចាត់ទុកការសម្អាតបរិស្ថាន
និង ការលុបបំបាត់វត្ថុដក់ទឹកជាទម្លាប់ប្រចាំថ្ងៃ ដើម្បីការពារសុខភាពខ្លួនឯង
ក្រុមគ្រួសារ និងសហគមន៍ទាំង មូល។
សកម្មភាពនេះមានគោលបំណងសំខាន់ពីរ
គឺទី១ .កាត់បន្ថយ និងបំបាត់ប្រភពបង្កកំណើតមូសខ្លា និងទី២
.បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យយល់ពីហានិភ័យនៃជំងឺគ្រុនឈាម
ដែលកំពុងរាតត្បាតនៅតាមភូមិ ឃុំ និងស្រុកនានាក្នុងខេត្តព្រះវិហារ
ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕




No comments:
Post a Comment